ក្រសួងបានបញ្ជាក់ច្បាស់ៗថា ការបាញ់សារធាតុ ឫទឹកសម្លាប់មេរោគ ឫអាល់កុល លើសរីរាង្គមនុស្ស មិនអាចជួយប្រឆាំងនឹងវីរុសកូវីដ-១៩ នោះឡើយ តែផ្ទុយទៅវិញ វាអាចបណ្តាលឲ្យមានគ្រោះថ្នាក់សុខភាពមនុស្សបាន

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ព្រមាន​ថា ការ​បាញ់​សារធាតុ ឬ​ទឹក​សម្លាប់​មេរោគ ឫ​អាល់កុល លើ​សរីរាង្គ​មនុស្ស មិន​អាច​ជួយ​ប្រឆាំង​នឹង​វីរុស​កូ​វី​ដ​-១៩ នោះ​ឡើយ តែ​ផ្ទុយ​ទៅ​វិញ​គឺ​វា​និង​អាច​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​សុខភាព​មនុស្ស​បាន ។

លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ២២ ខែធ្នូ នេះ​ថា «​ការ​បាញ់​ទឹក​សម្លាប់​មេរោគ ឬ​សារធាតុ​សម្លាប់​មេរោគ ឬ​អាល់កុល លើ​សរីរាង្គ​មនុស្ស​នឹង​មិន​អាច​ជួយ​ការពារ​លោក​អ្នកប្រឆាំង​នឹង​វីរុស​កូ​វី​ដ​-១៩ បាន​ទេ និង​អាច​មាន​គ្រោះថ្នាក់​» ។

លោកស្រី​បាន​បន្ត​ថា​យោង​តាម​ការ​ពន្យល់​ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក តាំងទី​ថ្ងៃ​ទី ២៧ ខែមេសា​ឆ្នាំ​២០២០ បាន​បង្ហាញ​ថា ការ​បាញ់​អាល់កុល ឬ​ថ្នាំ​សម្លាប់​មេរោគ ឬ​សារធាតុ​សម្លាប់​មេរោគ លើ​លើ​សរីរាង្គ​មនុស្ស មិន​បាន​ជួយ​ដល់​ការ​ការពារ​ខ្លួន​លោក​អ្នកប្រឆាំង​នឹង​វីរុស​កូ​វី​ដ​-១៩ នោះ​ឡើយ និង​អាច​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​លោក​អ្នក​» ។

លើស​ពី​នេះ WHO ក៏​បាន​បញ្ជាក់​ដែរ​ថា «​មិន​ត្រូវ​បាញ់ថ្នាំ​សម្លាប់​មេរោគ ឬ​អាល់កុល ឬ​សារធាតុសម្លាប់​មេរោគ ទៅ​លើ​ខ្លួន​មនុស្ស​នៅ​គ្រប់​កាលៈទេសៈ ។ សារធាតុ​ទាំងនេះ អាច​ធ្វើ​ឲ្យ​ពុល ប្រសិនបើ​ប៉ះពាល់​ហើយ​លេខ​ចូល​ទៅ​អាច​ធ្វើ​ឲ្យ​រំខាន រមាស់ ឬ​រលាក​អាល់​ឡែក​ហ្ស៊ី​ស្បែក ធ្វើ​ឲ្យ​ខូច​ស្បែក និង​ភ្នែក​របស់​មនុស្ស​» ។ ថ្នាំ​សម្លាប់​មេរោគ ឬ​សារធាតុ​សម្លាប់​មេរោគ ត្រូវ​ប្រើប្រាស់​ដោយ​ប្រុង​ប្រយ័ត្ន សម្រាប់​លាង​សម្អាត​ដៃ ទីកន្លែង​ណាមួយ​តែ​ប៉ុណ្ណោះ ។ ត្រូវ​ចង​ចាំ​ថា​សារធាតុ​គ្ល​រី​ន ឬ​សារធាតុ​សម្លាប់​មេរោគ​ផ្សេង​ៗ​ទៀត ឲ្យ​ឆ្ងាយ​និង​ផុត​ពី​ដៃ​ក្មេង​ប្រយ័ត្ន​គ្រោះថ្នាក់ ។

លោកស្រី​អ្នកនាំពាក្យ​បាន​បន្ត​ថា​សូម​សម្គាល់ថា អាល់កុល ឬ​ជែ​ល អាច​ប្រើស​លាង​សំអាត​ដៃ​ដោយ​សាប៊ូ​ជាមួយ​ទឹក​ស្អាត ឫ​អាល់កុល ឫ​ជែ​ល ដែល​ជា​វិធានការ​សម្រាប់​ការពារ​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ តែ​មិន​ត្រូវ​ប្រើ​សម្រាប់​បាញ់​លើ​ខ្លួនប្រាណ​ឡើយ ។

ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ ធ្វើ​ឡើង​បន្ទាប់​ពី​គេ​កត់សម្គាល់​ឃើញ​ថា​មាន​ពិធីបុណ្យ​ និង​តាម​រោងការ​មួយ​ចំនួន ​បាន​ដាក់​ទូ​បាញ់​អាល់កុល​សម្លាប់​មេរោគ ដែល​តម្រូវ​ឲ្យ​ភ្ញៀវ​ដើរ​ចូល​ក្នុង​ម៉ាស៊ីន ​និង​មានការ​បាញ់​អាល់កុល​លើ​ខ្លួនប្រាណ​តែ​ម្តង ៕

Related posts

Leave a Comment