នៅព្រឹកថ្ងៃទី ២១ ធ្នូ ២០២០ នេះក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញការព្យាករណ៍ឃើញថា វិសម្ពាធ (Tropical Depression) ដែលបានកំពុងស្ថិតនៅសមុទ្រចិនខាងត្បូង បានបង្កើនឥទ្ធិពលរបស់ខ្លួនទៅជាកូនព្យុះ ទី ២៣ ឈ្មោះក្រវាញ ។
តាមការព្យាករណ៍ព្យុះនេះនឹងធ្វើដំណើរទៅទិសខាងលិច ចូលកៀកចុងជ្រោយឥណ្ឌូចិន ខាងត្បូងប្រទេសវៀតណាម នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០ ហើយនឹងថមថយទៅជាវិសម្ពាធ (Tropical Depression) នៅពេលដែលចូលមកកាន់ទីក្រងកាន់ធើ និងខេត្តចូដុក ភាគខាងត្បូងប្រទេសវៀតណាម នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២០ រួចបន្តដំណើរចូលមកកាន់ខេត្តកំពត និងព្រះសីហនុ ប្រទេសកម្ពុជា ។
នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២០ វិសម្ពាធនេះបានថយឥទ្ធិពលទៅជាសម្ពាធទាប (Low Pressure) ដើរចូលទៅកាន់សមុទ្រប្រទេសកម្ពុជា និងឈូងសមុទ្រថៃ រួចបន្តទៅខេត្តស៊ូរ៉ាត់តានី ប្រទេសថៃ ។
លក្ខណៈបែបនេះបានធ្វើឱ្យប្រទេសកម្ពុជាចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៤ ធ្នូ ២០២០ ប្រែប្រួលអាកាសធាតុដូចខាងក្រោម៖បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ផ្ទៃមេឃមានពពកច្រើន សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅរង្វង់ពី ១៧ អ្សារ ទៅ ២០ អង្សារសេ ។
បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល ផ្ទៃមេឃមានពពកច្រើន សីតុណ្ហភាពអប្បបរមានឹងចុះមកនៅរង្វង់ពី ១៨ អ្សារ ទៅ ២១ អង្សារសេ និងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ទៅមធ្យម ។
បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ ពិសេសខេត្តកំពត និងព្រះសីហនុ ផ្ទៃមេឃមានពពកច្រើនដេដាស សីតុណ្ហភាពអប្បបរមានឹងចុះមកនៅរង្វង់ពី ២០ អ្សារ ទៅ ២៣ អង្សារសេ និងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ទៅបង្គួរ មានខ្យល់បោកបក់ខ្លាំងៗ លាយឡំជាមួយរលកសមុទ្រដែលមានកម្ពស់ខ្ពស់ៗ ៕