គាំទ្រទេបងប្អូន !! អភិបាលស្រុកបន្ទាយស្រីមិនអនុញ្ញាតអោយបិទស្លាកផ្សាយពាណិជ្ជកម្មនៅលើដើមឈើនៅតំបន់នេះទៀតទេហើយស្លាកដែលបិទរួចត្រូវបកចោលទាំងអស់…

ខេត្តសៀមរាប៖ យោងតាមផេកហ្វេសប៊ុកផ្ទាល់របស់ ឃឹម ហ្វីណង់ – Khim Finan អភិបាល​ស្រុក​បន្ទាយ​ស្រី​ នៃ​ខេត្ត​សៀមរាប បានឲ្យដឹងថា៖ ចាប់ពីថ្ងៃនេះទៅ ស្រុកបន្ទាយស្រីនឹងមិនអនុញ្ញាតឱ្យអ្នកផ្សាយពាណិជ្ជកម្មដើរបិទស្លាកផ្សព្វផ្សាយពាសវាលពាសកាលតាមដើមឈើទៀតទេ! ក្រុមការងារចម្រុះមួយនឹងចាប់ផ្តើមដើរបកស្លាកទាំងអស់នេះចេញ និងមិនឱ្យបិទឡើងវិញឡើយ។

ស្លាកទាំងអស់នេះតែងតែទើសភ្នែកយូរហើយ ស្ទើរតែគ្រប់ដើមឈើទាំងអស់នៅតាមបណ្តោយផ្លូវទៅកាន់ប្រាសាទបន្ទាយស្រី ត្រូវបានគ្រប់ដណ្តប់ទៅដោយស្លាកផ្សាយពាណិជ្ជកម្មស្អេកស្កះ យ៉ាងអនាធិបតេយ្យ និងមិនមានច្បាប់អនុញ្ញាត ធ្វើឱ្យប៉ះពាល់ទៅដល់សោភ័ណភាពសាធារណៈ និងភាពស្អាតនៃបរិស្ថាននៅក្នុងស្រុក មិនសមនឹងភ្នែកអ្នកទេសចររាប់លាននាក់ក្នុងមួយឆ្នាំៗ ដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវនេះ។

ទម្លាប់ល្អត្រូវចេញពីរឿងតូចតាចទៅ ហើយដើមឈើក៏មិនមែនជាកន្លែងសម្រាប់ផ្សាយពាណិជ្ជកម្មដោយគ្មានការទទួលខុសត្រូវនោះដែរ។ អាចចាត់ទុកថា នេះជាសេចក្តីជូនដំណឹងទុកជាមុនទៅដល់ក្រុមហ៊ុនទាំងឡាយដែលបានប្រព្រឹត្តសកម្មភាពទាំងនេះក្នុងពេលកន្លងមក ហើយអាជ្ញាធរមូលដ្ឋាននឹងចាប់ឱ្យក្រុមហ៊ុនផ្ទាល់ទទួលខុសត្រូវ និងធ្វើកិច្ចសន្យា ប្រសិនបើនៅតែបន្តសកម្មភាពអនាធិបតេយ្យដូច្នេះតទៅមុខទៀត។ ស្រួលរកមុខទេ ព្រោះមានលេខទូរស័ព្ទទំនាក់ទំនងនៅលើស្លាកទាំងនោះរួចស្រាប់ហើយ ៕

Related posts

Leave a Comment