មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការបានលើកឡើងថា ការបង្កើនប្រាក់ផាកពិន័យ មិនមែនចង់រកប្រាក់ចំណេញទេ តែចង់ឃើញអ្នកប្រើប្រាស់ផ្លូវទទួលបានសុវត្ថិភាព

(កំពង់ធំ)៖ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក បានថ្លែងថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងការបង្កើនប្រាក់ផាកពិន័យ មិនមែនមានបំណងរកប្រាក់ចំណេញទេ ប៉ុន្ដែចង់ឃើញអ្នកប្រើប្រាស់ ផ្លូវទាំងឡាយទទួលបានសុខសុវត្ថិភាព គ្មានគ្រោះថ្នាក់ របួស និងស្លាប់ ដោយហេតុថាគ្រោះមហន្តរាយ ទាំងនេះបានបន្សល់ទុកនូវពិការភាព ស្ត្រីមេម៉ាយ ពោះម៉ាយ និងកុមារកំព្រា ដែលធ្វើឱ្យងាយធ្លាក់ក្នុងភាពក្រីក្រ។

លោកស្រី មឹន មាណវី បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ក្នុងឱកាសដឹកនាំក្រុមការងារ ដោយមានការចូលរួមពីលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សា, លោក សុខ លូ អភិបាលខេត្តកំពង់ធំ ក្នុងពិធីផ្សព្វផ្សាយស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមពីមន្ត្រីរាជកាកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ សិស្សានុសិស្សជាច្រើននាក់ នៅក្នុងសាលប្រជុំសាលាខេត្តកំពង់ធំ។

លោកស្រី មឹន មាណវី បានបន្តថា ការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវធ្វើឡើងនៅទូទាំងប្រទេសទាំងផ្លូវលំ និងផ្លូវជាតិ ដោយហេតុថាគ្រោះថ្នាក់ចរាចរណ៍ មិនដែលប្រកាន់ថា កើតមានតែនៅតាមផ្លូវជាតិ ឬផ្លូវកៅស៊ូនោះទេ គឺវាតែងតែកើតកើតឡើងនៅគ្រប់ទីកន្លែងទាំងអស់។ លោកស្រីក៏បានជំរុញដល់មន្ត្រីជំនាញទាំងអស់ ចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបានច្រើន អំពីការគោរពច្បាប់ចរាចរណ៍ ពិសេសទៅដល់សាលារៀន និងប្រជាពលរដ្ឋនៅតាមភូមិ ឃុំ ឱ្យបានញឹកញាប់។

ជាមួយគ្នានេះដែរលោកស្រី ក៏បានសំណូមពរអ្នកពាក់ព័ន្ធត្រូវបង្កើនកិច្ចសហប្រតិបត្តិការឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីចូលរួមអនុវត្តន៍ច្បាប់បទបញ្ញត្តិចរាចរណ៍នានា សំដៅធ្វើយ៉ាងណាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ។

លោក សុខ លូ បានថ្លែងដែរថា ការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងខេត្តកំពង់ធំចំនួនករណីគ្រោះថ្នាក់ក្នុងឆ្នាំ២០២០នេះស្មើគ្នាបើប្រៀបធៀបនឹងឆ្នាំ២០១៩។
វាពិតជាមិនអាចទៅរួចទេ ក្នុងការវាស់វែងពីទំហំនៃការឈឺចាប់ និងការទទួលរងនូវការបាត់បង់ទាំងឡាយបណ្តាលមកពីគ្រោះថ្នាក់ ចរាចរណ៍។ ដូចច្នេះសូមប្រជាពលរដ្ឋ គ្រប់រូបចូលរួមពាក់មួកសុវត្ថិភាព ព្រោះវាជាជំហានដ៏សំខាន់មួយឆ្ពោះទៅធ្វើឱ្យការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍កាន់តែមានសុវត្ថិភាព។

លោក ជូ កុល្លា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ធំ និងជាប្រធានលេខាធិការដ្ឋាននៃអនុគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តកំពង់ធំក្នុង២០២០ ករណីគ្រោះថ្នាក់ចរាចរណីចំនួន ១៥៤ករណី ស្លាប់១០៣នាក់ រងរបួសធ្ងន់ ស្រាលចំនួន ១៩៦នាក់។

សូមបញ្ជាកថា នៅក្នុងពិធីផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកនេះដែរ ថ្នាក់ដឹកនាំបានចែកមូកសុវត្ថិភាពជូនដល់មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋានមូលដ្ឋាន និងសិស្សានុសិស្ស ចំនួន១១៤នាក់ ម្នាក់ទទួលបានមួកសុវត្ថិភាពចំនួន១ផងដែរ៕ផ្តល់សិទ្ធិដោយ៖ Freshnews

Related posts

Leave a Comment