ភ្នំពេញ៖ មន្ត្រីក្រសួងសុខាភិបាលបានប្រាប់ PNNនោថ្ងៃចន្ទនេះថា កម្លាំងនគរបាលចារកម្មនគរបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរដែនដី បានរកឃើញបុរសដែលលួចរត់ពីចត្តាឡីស័កហើយកាលវេលាម៉ោង៣:៥០នាទីរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នេះនៅសណ្ឋាគារមួយ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ឥឡូវនេះមន្ត្រីជំនាញសុខាភិបាល បានបញ្ជូនបុរសនេះ ទៅមណ្ឌលចត្តាឡីស័កនៅខណ្ឌព្រែកព្នៅ ហើយត្រូវយកសំណាកបុតសនេះទៅពិនិត្យភ្លាមៗ ហើយនឹងបន្តដាក់ឲ្យធ្វើ ចត្តាឡីស័ករយៈពេល ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កព្រែកព្នៅ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា កាលព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១មានបុរសខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ បានរត់ចេញពីទីតាំងធ្វើចត្តាឡីស័ក នាសណ្ឋាគារទ្បងលីវ នៅផ្លូវលេខ៣១២,សង្កាត់ទន្លេបាសាក់,ខណ្ឌចំការមន,រាជធានីភ្នំពេញ បន្ទាប់ពីហូបអាហារពេលព្រឹករួច។
អ្នកដំណើរនេះ ឈ្មោះ យឹម សេរីវុទ្ធី អាយុ៣៦ឆ្នាំ បានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ដោយក្រុមគ្រូពេទ្យបានយកសំណាកទៅពិនិត្យ លើកទី១លទ្ធផលអវិជ្ជមានកូវិដ១៩ ហើយដាក់ឱ្យចត្តាទ្បីស័កនៅសណ្ឋាគារឡងលីវ៕ប្រភព៖PNN News