សូមជ្រាប! រកផ្លូវវាងឱ្យហើយទៅ ផ្លូវ ១ ខ្សែនេះក្នុងខណ្ឌឫស្សីកែវ អាចស្ទះខ្លាំង ៣០ ថ្ងៃ ព្រោះមូលហេតុនេះ!

កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ រដ្ឋបាលខណ្ឌឫស្សីកែវ បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញ ជាពិសេសក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ឱ្យបានជ្រាបថា នៅកំណាត់ផ្លូវជាតិលេខ ៥ ពីផ្លូវភ្លោះ ចំណុចធនាគារអេស៊ីលីដា ស្ថិតក្នុងភូមិស្ពានខ្ពស់ រហូតដល់ការ៉ាស់សាំងតូតាល់ មុខសាលាខណ្ឌឫស្សីកែវ សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ រដ្ឋបាលរាជធានី និង មន្ទីរសាធារណៈការដឹក ជញ្ជូនរាជធានីភ្នំពេញ បានធ្វើការជួសជុល និង ពង្រីកផ្លូវ ដើម្បីសម្រួលដល់ប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើចរាចរណ៍ឆ្លងកាត់ ដោយចំណាយពេលអនុវត្តការងារនេះមានរយៈពេល ៣០ ថ្ងៃ គិតចាប់ពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២១ តទៅ ។

ជាមួយគ្នានេះ រដ្ឋបាលខណ្ឌឫស្សីកែវ បានបញ្ជាក់បន្ថែមថា ដើម្បីឱ្យការងារខាងលើប្រព្រឹត្តទៅដោយរលូន សូមស្នើប្រជាពលរដ្ឋមេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និង ដើម្បីបញ្ជៀសការធ្វើដំណើរឆ្លងកាត់ទីតាំងខាងលើ ដោយអាចធ្វើដំណើរវាងទៅផ្លូវ ៥៩៨ ឬ ផ្លូវ ជា សុផារ៉ា ផ្លូវខាងក្នុង ជាបណ្ដោះអាសន្នសិន ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និង គ្រោះថ្នាក់កើតឡើងជាយថាហេតុ ព្រោះក្រុមការងារបានប្រើប្រាស់គ្រឿងចក្រ និង រថយន្តធន់ធំ សម្រាប់ស្ថាបនាផ្លូវ ៕

Related posts

Leave a Comment