ភ្នំពេញ៖ នាពេលប៉ុន្មានថ្ងៃមកនេះ សាកលវិទ្យាល័យជាតិគ្រប់គ្រង បានប្រារព្ធធ្វើពិធីសង្ក្រាន្តក្នុងឱកាសអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ ដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី០៧ និង ទី០៨ កន្លងទៅនេះ ។ គួរឲ្យចាប់អារម្មណ៍ជាខ្លាំងនោះ គឺមានមនុស្សម្នារ ក៏ដូចជានិស្សនិស្សិត បានចូលរួមលេងសប្បាយជាយ៉ាងច្រើនកុះករ ។
ជាពិសេស សិស្សនិស្សិតបាននំាគ្នាលេងល្បែងប្រជាប្រិយខ្មែរ ដូចជា បោះឈូង លាក់កន្សែង ទាញព្រាតជាដើម ដែលពោរពេញទៅដោយភាពសប្បាយរីករាយ ក្រោយពីខកខានធ្វើកម្មវិធីបែបនេះ អស់រយៈពេល ២ ឆ្នាំកន្លងមក ដោយសារតែបញ្ហាជម្ងឺរាតត្បាតកូវីដ-១៩ ។
ដោយឡែក នាក្នុងឆ្នាំនេះ អាចបង្កើតបរិយាកាសសប្បាយវិញហើយ គេក៏បានឃើញថា មនុស្សម្នារកាន់តែសម្រុកទៅលេងជាច្រើននៅឯសាកលវិទ្យាល័យជាតិគ្រប់គ្រង ។
លើសពីនេះទៅទៀត ឆ្នាំនេះ ប្រជុំទៅដោយវត្តមានរបស់សិល្បករសិល្បការិនីល្បីៗ ជាច្រើនដួងបានទៅចូលរួមលេងកម្សាន្ត ដែលទាក់ទាញចំណាប់អារម្មណ៍មនុស្សឲ្យកាន់តែចង់ទៅលេងថែមទៀត ។
កាន់តែពិសេសជាងគេនោះគឺ នៅក្នុងកម្មវិធីពេលរសៀល ដោយមានការចូលរួមរាំលេងកម្សាន្តពីអ្នកទស្សនានៅមុខឆាកប្រគុំតន្រ្តីយ៉ាងកក្រិកក្រេង ។
បើងាកទៅមើលទិដ្ឋភាពពីលើ អាគារF ជាន់ទី៤ វិញ បានឲ្យឃើញនិស្សិតចូលរួមយ៉ាងច្រើនកុះករ ដែលអបអរសាទរនៅក្នុងឱកាសបុណ្យចូលថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦-គ.ស.២០២២ នេះ ៕
ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។