អបអរសាទរ !!ប្រាសាក់ ថ្លែងអំណរគុណអតិថិជន ខណៈមានសមតុល្យប្រាក់បញ្ញើសន្សំ ២ប៊ីលានដុល្លារ

(ភ្នំពេញ)៖ ប្រាសាក់ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើពីសាធារណជនពីធនាគារជាតិនៃកម្ពុជា និងជាគ្រឹះស្ថានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជាផងដែរនោះ បានសម្រេចលទ្ធផលថ្មីមួយទៀត គឺសមតុល្យប្រាក់បញ្ញើសន្សំសរុបមានចំនួន ២ប៊ីលានដុល្លារ និងមានគណនីអតិថិជនចំនួន ៨០០,០០០គណនី។

នេះគឺជាសមិទ្ធផលថ្មីបន្ថែមពីលើលទ្ធផលដ៏ល្អប្រសើររបស់ប្រាសាក់ រួមមាន៖ ទ្រព្យសកម្មសរុប ៣.៣៩ប៊ីលានដុល្លារ សម្ពៀតឥណទានច្រើនជាង ២.៩៦ប៊ីលានដុល្លារ អតិថិជនឥណទាន ៤៤០,០០០នាក់ និងមានបុគ្គលិកច្រើនជាង ៩,០០០នាក់ កំពុងបម្រើការងារ។ នេះបើយោងតាមស្ថិតិគិតត្រឹមខែតុលា ឆ្នាំ២០២០។

អាជ្ញាប័ណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ពីសាធារណជនខាងលើនេះ អនុញ្ញាតឱ្យប្រាសាក់ផ្តល់សេវាប្រាក់បញ្ញើសន្សំជូនអតិថិជន និងសាធារណជនចាប់តាំងពីឆ្នាំ២០១១។ សមតុល្យប្រាក់បញ្ញើសន្សំបានកើនឡើងយ៉ាងខ្លាំង ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែទំនុកចិត្តរបស់អតិថិជន និងការប្ដេជ្ញាចិត្តរបស់ប្រាសាក់ ក្នុងការផ្ដល់ជូនសេវាបម្រើដ៏ល្អជូនអតិថិជន។

លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ បានថ្លែងថា «ប្រាក់បញ្ញើសន្សំដែលកៀរគរបានដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើបានដើរតួនាទីយ៉ាងសំខាន់ មិនត្រឹមតែជាប្រភពទុនដល់គ្រឹះស្ថាន ក្នុងការផ្ដល់ជាប្រាក់កម្ចីដល់អតិថិជន នៅតាមទីជនបទនិងទីប្រជុំជននោះទេ ថែមទាំងជាឧបករណ៍សម្រាប់ជំរុញទម្លាប់នៃការសន្សំ និងការប្រើប្រាស់សេវាធនាគារសម្រាប់ប្រជាពលរដ្ឋផងដែរ។ ប្រាក់បញ្ញើសន្សំ ក៏បានរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចជាតិយើងមានភាពរឹងមាំ និងស្ថិរភាពផងដែរ»។

លោក សូនី បន្តទៀតថា លទ្ធផលដ៏អស្ចារ្យនេះកើតឡើងពីការគាំទ្រយ៉ាងខ្លាំងក្លារបស់អតិថិជនទាំងអស់ ការផ្ដល់ជូនផលចំណេញខ្ពស់ជូនអតិថិជន ការបម្រើសេវាដ៏ល្អប្រសើរ និងការផ្ដល់មធ្យោបាយដ៏ងាយស្រួលក្នុងការទទួលបានសេវាធនាគារផ្សេងៗតាមរយៈការប្រើប្រាស់ប្រព័ន្ធធនាគារស្នូលដ៏ទំនើប សេវាម៉ាស៊ីនដកប្រាក់ (អេធីអឹម) ម៉ាស៉ីនដាក់ប្រាក់ Mobile Banking ឬ Internet Banking ម៉ាស៊ីនឆូតកាត ទូទាត់តាម QR កូដ នៅតាមបណ្ដាហាងទំនិញនានា ទូទាត់វិក្កយបត្រទឹកភ្លើង និងសេវាផ្ទេរប្រាក់ឆ្លងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។

«តាងនាមឱ្យថ្នាក់គ្រប់គ្រងប្រាសាក់ យើងខ្ញុំសូមថ្លែងនូវអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តចំពោះអតិថិជន និងភាគីពាក់ព័ន្ធទាំងអស់ រួមមាន និយ័តករ ចំពោះឱវាទ និងអនុសាសន៍ ចាប់តាំងពីប្រាសាក់ចាប់កំណើតដំបូង រហូតដល់ក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេ និងទទួលបានទំនុកចិត្តខ្ពស់ដូចសព្វថ្ងៃនេះ។ នេះគឺជាការលើកទឹកចិត្តបន្ថែម សម្រាប់យើងខ្ញុំក្នុងការបន្តការប្ដេជ្ញាចិត្តផ្ដល់ជូនសេវាបម្រើអតិថិជនដ៏ល្អឯក និងផ្តល់ជូននូវបទពិសោធន៍ ក្នុងការប្រើសេវាធនាគារតាមគ្រឹះស្ថានស្របច្បាប់»។ នេះជាការបញ្ជាក់បន្ថែម របស់លោក សូនី។

ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន ប្រាសាក់ ផ្ដល់ជូនសេវាប្រាក់បញ្ញើនិងសន្សំគ្រប់ប្រភេទ ច្រើនជម្រើស និងរយៈពេល ដូចជា គណនីសន្សំ គណនីចម្រើនគ្មានកាលកំណត់ គណនីសន្សំតាមផែនការ គណនីចម្រើនតាមលំដាប់ គណនីបញ្ញើមានកាលកំណត់ គណនីកូនចម្រើន និងគណនីសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ។

សូមចូលទៅកាន់ https://bit.ly/3laigo6 ឬអញ្ជើញទៅសាខាប្រាសាក់ណាមួយដែលនៅជិតលោកអ្នកបំផុត ដើម្បីបើកគណនី ដោយទទួលបានអត្ថប្រយោជន៍លើសពីអត្រាការប្រាក់ខ្ពស់៕

Related posts

Leave a Comment