ផ្អើលផ្សារច្បារអំពៅទាំងព្រឹក បុរសជនជាតិចិនម្នាក់ ដួលស្លាប់ភ្លាមៗ សង្ស័យមូលហេតុនេះ!

កាលពីព្រឹកម៉ោង ៦ និង ៣០ នាទី ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២១ នេះ មានករណីមួយបានកើតឡើងនៅចំណុចផ្សារច្បារអំពៅ ម្តុំផ្សារលក់បន្លែ និង ផ្លែឈើ ដោយមានបុរសជនជាតិចិន វ័យប្រមាណជាង ៥០ ឆ្នាំម្នាក់ ស្រាប់តែបានដួលស្លាប់មួយរំពេចន៍ បង្កឱ្យមានភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅទីនោះ ។

ក្រោយមានករណីដួលស្លាប់របស់បុរសជនជាតិចិនបានកើតឡើង សមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់ច្បារអំពៅ ក៏ដូចជាសមត្ថកិច្ចខណ្ឌច្បារអំពៅ និង មន្រ្តីជំនាញពាក់ព័ន្ធផ្សេងៗទៀត បានចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យលើករណីនេះ ។ ជាបឋមករណីស្លាប់របស់បុរសជនជាតិចិនខាងលើ ត្រូវបានសន្និដ្ឋានថាបណ្តាលមកពីខ្យល់គស្លាប់ ប៉ុន្តែបើតាមក្រុមគ្រូពេទ្យជំនាញបានចុះទៅពិនិត្យសាកសព បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង ។

បើតាមកូនស្រីជនរងគ្រោះបានបញ្ជាក់ថា ឪពុកខ្លួនគឺមានជំងឺក្រពះរ៉ាំរៃ និង បានលេបថ្នាំជាប្រចាំ ហើយនៅប៉ុន្មានថ្ងៃនេះចុងក្រោយនេះគាត់ត្អូញថាមិនសូវស្រួលខ្លួន តែមិនបានទៅពិនិត្យនៅមន្ទីរពេទ្យទេ ។

បុរសជនជាតិចិនរងគ្រោះខាងលើនេះ ត្រូវបានសមត្ថកិច្ចបង្ហាញអត្តសញ្ញាណមានឈ្មោះ HAN YONG ភេទប្រុស អាយុ ៥៥ ឆ្នាំ ជាអ្នកទេសចរ កាន់លិខិតឆ្លងដែនលេខ E៦៨៦៤១៧០៩ ស្នាក់នៅបន្ទប់លេខ ១០២៧ ក្នុង Apartment ព្រីន ស្ថិតនៅផ្លូវនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បច្ចុប្បន្ននេះ សពបុរសជនជាតិចិនខាងលើ ត្រូវបានក្រុមគ្រួសារមកទទួលយកទៅរៀបចំធ្វើបុណ្យរួចហើយកាលពីព្រឹកថ្ងៃដដែលនេះ ។ គួរឱ្យដឹងដែរថា ករណីនេះបានកើតឡើងនៅចំណុចផ្សារលក់បន្លែ នៃផ្សារច្បារអំពៅ នៅលើដងផ្លូវលេខ ៣៦៩ កែងផ្លូវលេខ ៦១៦ ស្ថិតនៅភូមិកណ្តាល ក្នុងសង្កាត់ច្បារអំពៅទី ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ៕

Related posts

Leave a Comment