ស.ស.យ.ក ខេត្តស្វាយរៀង ដឹកនាំដោយសហគមន៍ចាប៉ីអមតៈ និង មានការគាំទ្រដោយក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានរួមគ្នាប្រារព្ធកម្មវិធីអបអរសាទរខួប ៤ ឆ្នាំ នៃការដាក់បញ្ចូលចាប៉ីដងវែងក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ។
កម្មវិធីនេះគឺធ្វើឡើងរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២០ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដោយបើកឱ្យសាធារណៈជនទូទៅបានចូលរួមទស្សនាដោយឥតគិតថ្លៃ ។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងធំៗចំបង ២ គឺ ទី១ ដើម្បី រំឭកខួប ៤ ឆ្នាំនៃការដាក់បញ្ជូលចាប៉ីដងវែង ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ និង ទី ២ ជាទិវាផ្សព្វផ្សាយសិល្បៈ វប្បធម៌ ប្រពៃណីខ្មែរ និង ខួប ៤២ ឆ្នាំ សហភាពសហព័ន្ធយុវជនកម្ពុជា ២ ធ្នូ ។
គួររំឭកផងដែរ ចាប៉ីដងវែងរបស់កម្ពុជាត្រូវបានអង្គការយូណេស្កូអនុម័តដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៦ ដែលឧបករណ៍ភ្លេងបុរាណខ្មែរមួយនេះ ស្ថិតក្នុងបញ្ជីបេតិកភណ្ឌអរូបីដែលត្រូវការសង្គ្រោះបន្ទាន់ ៕