ដោយៈតារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លានូវវ៉ាក់សាំង SARS -CoV-2 (Sinopharm ) ពីរដ្ឋាភិបាលនិងប្រជាពលរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន ដល់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដើម្បីទប់ ស្កាត់ការរីករាលដាលនៃជំងឹកូវីដ១៩ នៅរសៀលថ្ងៃទី ៧ ខែ កុម្ភៈ ២០២១ នេះនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។បន្ទាប់ពីពីធីទទួលជាផ្លូវការសម្តេចតេជោ ហ៊ុន សែន នឹងធ្វើសន្និសីទសារព័ត៌មានអំពីការទទួលវ៉ាក់សាំងកូវីដ១៩ និង ដំណើរការចាក់វ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជាផងដែរ ។
សូមជំរាបថាវ៉ាក់សាំងដែលនឹងបញ្ជូនមកដល់កម្ពុជានៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះមានចំនួន៦០ម៉ឺនដូសក្នុងជំហានដំបូងដោយក្នុងនោះចំនួន ៣០ ម៉ឺនដូសសម្រាប់ ក្រសួងសុខាភិបាលនិង៣០ម៉ឺនដូសទៀតសម្រាប់ក្រសួងការពារជាតិចាក់ឲ្យកងទ័ពនិងគ្រួសារកងទ័ព។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងនៅល្ងាចថ្ងៃទី០៥ខែកុម្ភៈ២០២១ថា៖សម្តេចទើបបានទទួលព័ត៍មានតាមរយៈក្រសួងសុខាភិបាលដែលបានទទួល លិខិតផ្លូវការពីការិយាល័យនៃទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មប្រចាំស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាដែលបញ្ជាក់ថាវ៉ាក់សាំងឈ្មោះ (Sinopharm) ចាក់បានតែមនុស្សមានអាយុពី១៨ ឆ្នាំទៅ៥៩ ឆ្នាំតែប៉ុណ្ណោះ ។ សម្រាប់ខ្ញុំដែលមានអាយុជាង ៦៨ ឆ្នាំទៅហើយមិនទាន់អាចចាក់បានទេ ។ដូចនេះគម្រោង ចាក់វ៉ាក់សាំងដែលគ្រោងចាក់នៅថ្ងៃទី ១០ កុម្ភៈ ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រនឹងត្រូវលុបចោលអាស្រ័យដោយទាំងខ្ញុំទាំងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតភាគច្រើនមានអាយុ លើសពី៦០ឆ្នាំទៅហើយមិន អាចចាក់បានទេ ។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តីប្រកាសអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងSinopharmក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់។យោងតាមសេចក្តីប្រកាសអនុញ្ញាតរបស់ក្រសួងសុខាភិបាលនារសៀលថ្ងៃ ទី ០៤ ខែ កុម្ភៈ ឆ្នាំ២០២១បានបញ្ជាក់បន្ថែមថាក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសម្រេចអនុញ្ញាតឱ្យប្រើវ៉ាក់សាំងCOVID-19(Sinopharm) ដែលផលិតដោយវិទ្យាស្ថានBeijing Institute of Biological Products Co.,Ltd. របស់សាធារណរដ្ឋប្រជាមានិតចិនក្នុងលក្ខ ខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់ (Emergency Use Authorisaton) ដោយអនុវត្តតាមពិធីសារស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល៕