ក្រៅពីរឿងក្រមា និងខ្សែគោ លោក ពេជ្រ មូន បានទម្លាយប្រវត្តិមួយគួរឲ្យចាប់អារម្មណ៍ទៀតថា…

នាពេលថ្មីៗ កន្លងទៅនេះ បងប្អូនអ្នកលេងបណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ ក្រោយយុវជនមួយរូប មានឈ្មោះថា ពេជ្រ មូន ជាកូនកសិករ រស់នៅក្នុងភូមិគ្រួស ឃុំរលាប្អៀ ស្រុករលាប្អៀ ទឹកដីខេត្តកំពង់ឆ្នាំង បានកែប្រែដំណើរជីវិតរបស់លោក ពីកសិករ តស៊ូ អស់រយៈពេល ៤ ឆ្នាំ រហូតបញ្ចប់ការសិក្សា នៅសាលាបណ្ឌិតសភាយោធាអាមេរិក និងទទួលសញ្ញាបត្រ កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២២ ថ្មីៗនេះ ក្រោមអធិបតីភាពប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ជារឿងដ៏គួរឱ្យស្ញប់ស្ញែងបំផុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក បើក្រឡេកទៅមើលដំណើរពីជីវិតរបស់លោកវិញ មុននឹងឈានមកដល់ចំនុចនេះ រូបលោកក៏ធ្លាប់បានរៀបរាប់អរគុណទៅដល់ដើមជ្រៃក្រឹមមួយដើម នៅឯស្រុកកំណើតរបស់លោក ដោយវាបានផ្សារភ្ជាប់អនុស្សាវរីយ៍ជាមួយរូបលោកអស់រយៈពេលជាច្រើនឆ្នាំ បានធ្វើឲ្យយុវជនរូបនេះដិតក្នុងចិត្តជាខ្លាំងមិនអាចបំភ្លេចបានឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង លោក ពេជ្រ មូន ក៏បាននិយាយរៀបរាប់ឲ្យដឹងដែរថា៖ “ដើមឈើមួយដើមនេះ បានផ្ដល់កន្លែងឱ្យខ្ញុំដេកអានសៀវភៅជាង ១០ ឆ្នាំ។ ខ្ញុំចាំថា រាល់ពេលដែលខ្ញុំ ទៅឃ្វាលគោ តែងមានសៀវភៅមួយ ឬពីរក្បាលតាមខ្លួន ។ មានពេលមួយនោះ ខ្ញុំរៀនប្រហែលថ្នាក់ទី ៧ ដោយរវល់តែជក់ចិត្តអានសៀវភៅ អំពីជីវិតនៅតំបន់ប៉ូល ស្រាប់តែបាត់គោមិនដឹងទៅណា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំភ័យយ៉ាងខ្លាំង ព្រោះវាជាគោដែលខ្ញុំប្រវាស់ពីគេ ដើម្បីយកកូនតែប៉ុណ្ណោះ បើបាត់ ខ្ញុំប្រាកដជាមិនមានលទ្ធភាពសងគេទេ។ ខ្ញុំខំដើររក កាត់តាមព្រៃមាត់អូរ រួចឆ្លងអូរដែលមានទឺកហូរខ្លាំង ទៅភូមិផ្សេងទើបរកឃើញមេគោនោះរិញ រហូតម៉ោងជិត ៩ យប់ទៅហើយ ដោយមានភ្លៀងផង រន្ទះផង ផ្គរផង និងមានខ្យល់ខ្លាំងផង” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយលោកក៏បានបន្តទៀតថា៖ “ពេលនោះយាយខ្ញុំគាត់ភ័យខ្លាំងណាស់ ។ តែអ្វីដែលគួរឱ្យស្ដាយនោះ គឺពេលត្រលប់មកដល់ផ្ទះវិញ ទើបខ្ញុំដឹងថា សៀវភៅជាទីស្រលាញ់របស់ខ្ញុំ បានបាត់ទៅហើយ ។ ព្រឹកឡើងខ្ញុំខំក្រោកពីព្រឹក ដើររកគ្រប់កន្លែងដែលខ្ញុំបានដើររកគោ ។ តែរកមិនឃើញសោះ ។

ខ្ញុំអង្គុយយំអស់ជិតមួយថ្ងៃ ហើយ តូចចិត្តអស់មួយថ្ងៃទៀត ដោយសារតែបាត់សៀវភៅដែលខ្ញុំបានអានចប់ ៣ ទៅ ៤ ដងរួចហើយ ឬអាចសូត្រឡើងវិញផងក៏បាន ។ ចំពោះមនុស្សទូទៅ ប្រហែលជាយល់ថា វាជារឿងតូចតាច ព្រោះសៀវភៅដែលមានតំលៃត្រឹមតែ ៦០០០រៀលអាចទិញពេលណាក៏បាន។ ដោយឡែកខ្ញុំស្ថិតនៅក្នុងស្ថានភាពខុសគ្នា ទម្រាំតែបាន១ ក្បាលៗ យកមកអាន ត្រូវសន្សំមិនតិចជាង ២ ទៅ ៣ ខែទេ ដោយត្រូវស៊ីឈ្នួលគេនៅវាលស្រែ ជីកដី ឬ អូសទឺកលក់ជាដើម ព្រោះត្រូវជូនប្រាក់ភាគច្រើនទៅយាយ ដែលជាស្រ្តីមេម៉ាយដ៏កំសត់ ដែលខំផ្គត់ផ្គងខ្ញុំគ្រប់យ៉ាង”។

មិនទាន់អស់ លោកបាននិយាយទៀតថា៖ “រាល់ពេលដែលខ្ញុំទៅលេងស្រុក ខ្ញុំតែងតែទៅកន្លែងមួយនេះជាប្រចាំ នឹកឃើញម្លប់ដែលខ្លួនធ្លាប់ជ្រក។ ដប់ឆ្នាំក្រោយមក ក្តីសុបិន្តដែលខ្ញុំស្បថនៅចំពោះមុខព្រះអាទិត្យរៀបអស្ដង្គត នៅក្រោមដើមឈើមួយដើមនេះ ថានឹងយកឱ្យបាន បានក្លាយជាការពិត។ ចំពោះខ្ញុំ អ្វីដែលខ្ញុំបានឆ្លងកាត់ វាមិនមែនជាឧបសគ្គនោះទេ ប៉ុន្តែវាជាវិថីនៃជីវិតដ៏ល្អ ដែលខ្ញុំបានឆ្លងកាត់ ដែលនាំឱ្យខ្ញុំមកដល់ទីនេះ និងស្គាល់ការលំបាក ដែលលត់ដំខ្ញុំឱ្យរឹងមាំ សម្រាប់ប្រឈមមុខ នឹងឧបសគ្គនាបច្ចុប្បន្នកាល នឹងទៅអនាគតកាល។ សូមអរគុណដល់បងដើមជ្រៃក្រឹម” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment