សមត្ថកិច្ចឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោងជាង ៧និង០០នាទីព្រឹក ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ត្រង់ចំណុចបណ្តោយផ្លូវជាតិលេខ ៥ ក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងដែរថា ករណីដែលនាំឲ្យកើតឡើងនូវគ្រោះថ្នាក់នេះដំបូងឡើយគេឃើញមានរថយន្តប្រភេទលើកទំនិញ ១គ្រឿង ចេញពីចំណុចផ្លូវបំបែកផ្លូវភ្លោះស្របពេលជាមួយគ្នានេះក៏មានរថយន្តម៉ាកព្រូស ១គ្រឿង ដែលបើកបរក្នុងល្បឿនមួយយ៉ាងលឿនពីទិសដៅខាងលិចទៅកើតក៏បានបុកគ្នាយ៉ាងពេញទំហឹងរួចជ្រុលទៅបុកម៉ូតូ ១គ្រឿងទៀត កំពុងធ្វើដំណើរបណ្តាលឲ្យភាគីម្ចាស់ម៉ូតូរងរបួសធ្ងន់ធ្ងរ (ប្រេះលលាដ៍ក្បាល)។
ចំណែករថយន្តលើកទំនិញក្រោយកើតហេតុបានបើកបរគេចបាត់ រីឯអ្នកបើកបររថយន្តព្រូសក៏បានបើកទ្វារថយន្តរត់គេចខ្លួនបាត់ស្រមោលផងដែរ។
សមត្ថកិច្ចបន្តថា ជនរងគ្រោះជាអ្នកជិះម៉ូតូដោយសារមានសភាពធ្ងន់ធ្ងរប្រេះលលាដ៍ក្បាលហើយសន្លប់ស្តូកស្តឹងត្រូវអ្នកជិតខាង និងសមត្ថកិច្ចបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បីសង្គ្រោះបន្ទាន់ទាំងសង្ឃឹមតិចតួចណាស់លើអាយុជីវិត។
ជនរងគ្រោះមានឈ្មោះឌុច សាវុធ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅក្នុងភូមិអង់សង្កាត់អូរចារ ក្រុងបាត់ដំបង ក្នុងពេលកើតហេតុបានជិះម៉ូតូម៉ាកហុងដាពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខបាត់ដំបង1I-9773 ម៉ូតូរងការខូចខាតយ៉ាងដំណំ។
ចំណែករថយន្តនិងម៉ូតូក្រោយការវាស់វែងធ្វើកំណត់ហេតុត្រូវនគរបាលជំនាញនាំយកមករក្សាទុកនៅការិយាល័យចរាចរណ៍ស្នងការខេត្តរងចាំការដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕