អបអរសាទរ !! ទីបំផុតប្រទេសកម្ពុជា ចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ ១៩ ជាផ្លូវការហើយ គឺផ្ដើមពីថ្នាក់ដឹកជាច្រើនរូប

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានប្រកាសជាផ្លូវការនៅលើទំព័រហ្វេសប៊ុកផ្លូវការថា ប្រទេសកម្ពុជា បានចាក់វ៉ាក់សាំងកូវីដ ១៩ ជូនប្រជាជនរបស់ខ្លួនជាផ្លូវការហើយ នៅព្រឹកថ្ងៃទី ១០ កុម្ភៈ ២០២១ នេះ ។

សម្ដេច ហ៊ុន សែន បានប្រកាសជាផ្លូវការថា៖ «ទីបំផុត ប្រទេសកម្ពុជាបានចាប់ផ្តើមដំណើរការជាផ្លូវការនូវការចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួន ហើយ។ នេះជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ចិន ដែលជាមិត្តដែកថែបដែលខ្ញុំសុំយកឱកាសនេះថ្លែងអំណរគុណចំពោះបក្ស រដ្ឋ កងទ័ព និងប្រជាជនចិន ពិសេស ឯកឧត្តមប្រធានាធិបតី ស៊ី ជិនភីង ដែលបានផ្តល់ជំនួយដ៏សប្បុរសដល់ប្រជាជនកម្ពុជា»។

សម្ដេចថ្លែងទៀតថា៖ «មុនចាក់វ៉ាក់សាំង មានការលើកឡើងមួយចំនួនជុំវិញអវត្តមានរបស់ខ្ញុំលើការចាក់វ៉ាក់សាំងនាថ្ងៃនេះ បណ្តាលមកពីកត្តាអាយុរបស់ខ្ញុំរហូតប្រើពាក្យមិនសមរម្យខ្លះមកលើខ្ញុំ។ ច្បាស់ណាស់ថ្ងៃនេះកូនប្រុសរបស់ខ្ញុំបានទទួលវ៉ាក់សាំងមុនគេជំនួសអោយឪពុក ដែលនេះក៏បញ្ជាក់ច្បាស់ពីការទទួលខុស ត្រូវរបស់យើងចំពោះមុខជនរួមជាតិយើង» ។

បន្ថែមលើពីនេះទៀតសម្ដេច បានផ្ញើសាចំពោះបងប្អូនជនរួមជាតិ ទាំងក្នុង និង នៅក្រៅប្រទេសឱ្យបានច្បាស់ថា សូមបងប្អូនកុំបារម្ភលើវ៉ាក់សាំងមកពីប្រទេសណា? ម៉ាកអ្វី? តែគប្បីបារម្ភពីការអត់វ៉ាក់សាំងចាក់ ព្រោះគ្មានវ៉ាក់សាំងលក់តាមផ្សារដូចលក់ត្រី លក់ត្រកួននោះទេ។ បងប្អូនខ្មែរ ដែលរស់នៅប្រទេសជឿនលឿនមួយចំនួនធំ ឬ អាចដល់ ៩៨ ភាគរយមិនទាន់បានទទួលការចាក់វ៉ាក់សាំងនៅឡើយ ព្រោះវាអត់មានវ៉ាក់សាំង បើទោះបីប្រទេសនោះមានលុយហើយក៏រកទិញវ៉ាក់សាំងមិនបានដោយសារការផលិតមិនទាន់៕

Related posts

Leave a Comment