កូនកំលោះកូនក្រមុំ មួយគូ ជាប់នៅខេត្តព្រះសីហនុ មិនអាចចេញរួច ដល់ថ្ងៃការ ឪពុកម្ដាយមិនដឹងធ្វើយ៉ាងម៉េច មានតែ តែងខ្លួនជំនួស។
យោងតាមគណនីហ្វេសប៊ុកឈ្មោះ «Ah Jing» បានបង្ហោះរូបថតឪពុកម្ដាយតែងខ្លួនជំនួសកូនកំលោះ-ក្រមុំ អមដោយសារគួរឲ្យកម្សត់ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ថា «ពិធីចាប់ផ្ដើមហើយ រោងការគ្មានកូនកំលោះក្រមុំ ដោយសារកូវីដត គេមិនឲ្យចេញពីខេត្តព្រះសីហនុ មានតែម៉ែឪ តែងខ្លួនទទួលជំនួស ខំពន្យារម្ដងហើយនៅមិនផុសកូវីតទៀត ជូនពរបងទាំងពីរ ស្រឡាញ់គ្នា មើលថែគ្នា»។
រឿងនេះ បានក្លាយជាប្រធានបទដ៏រសើបរបស់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកហ្វេសប៊ុក ដោយមានការចែករំលែកបន្តបន្ទាប់ ជាមួយនឹងការបញ្ចេញមតិអាណិតអាសូរ និងរិះ.គន់ ចំពោះកូនកំលោះ កូនក្រមុំ យ៉ាងព្រោងព្រាត។
ជាក់ស្ដែងក្នុងចំណោមការបញ្ចេញមតិយ៉ាងច្រើននោះ ពួកគេ បានលើកឡើងថា «បានតែអាណិតពួកគាត់ជំនួស, អ្វីៗកើតបានគ្រប់រឿងសម័យកូវីត, មិនសើច មិនយំ កម្សត់ជាងសម័យស.ង្គ្រាមទៅទៀត, អ្នកកំពង់សោមមិនអាចចេញទៅក្រៅខេត្តបានទេគេបិទផ្លូវយាមកាមតឹងរ៉ឹងណាស់»។
ទន្ទឹមនឹងការអាណិតអាសូរ ក៏មានការលើកជាចម្ងល់ ជាមួយនឹងការរិះ.គន់ថា «ពិបាក១ឆ្នាំជាងហើយ ចឹងកុំទាន់អាលការ ដឹងថាពិបាកដែរ អីប្រញាប់ម៉េស តាំងមានបញ្ហា បន្ទោសគេឯង។ ដឹងថាបញ្ហាដែរ មិនបាច់ទាន់បោះធៀបអញ្ជើញអីទេ ចាំស្ងាត់ស្រួលបួលសិន អាច2-3ឆ្នាំអីសិន ចាំការបើមិនចង់ពិបាក, បើដឹងចឹងហើយនៅប្រឹងការធ្វើអីទៀតមិនពន្យារពេលសិនទៅ, ខំអីក៏ខំម្ល៉េះ, »។
ឆ្លើយតបនឹងមតិរិះគន់ទាំងនោះ មានការលើកឡើងថា «ពន្យារម្តងហើយ ណាមួយគិតថាសែនដូនតាហើយៗ ក៏សម្រេចឲ្យម៉ែឪធ្វើជំនួសទៅ, បងបើមិនខំ ម៉េច កក់គេអស់ហើយ ណា១ដើរជូនធៀបភ្ញៀវរួចទៀតមិននឹកស្មានថាវាកើតរឿងចឹងទេព្រោះ គ្មានអ្នកចង់អោយកើតឡើង»។
ជុំវិញរឿងនេះ ក៏មានការសួរនាំចំពោះទីតាំងជាក់លាក់ណាមួយនៃខេត្តក្រចេះផងដែរ ហើយត្រូវបានអ្នកនៅភូមិផងរបងជាមួយគ្នា ដែលលេងហ្វេសប៊ុកដែរនោះ បានប្រាប់ថា ឃុំព្រែកចំលាក់ ស្រុកឆ្លូង។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានចេញសារបន្ទាន់មួយ ដោយបញ្ជាឲ្យអាជ្ញាធរបិទជាបណ្ដោះអាសន្នការធ្វើដំណើររបស់ពលរដ្ឋចេញពីក្រុងព្រះសីហនុ ទីដែលមានកម្រិតឆ្លងខ្ពស់មួយគួរឲ្យព្រួយបារម្ភនៃជំងឺកូវីដ១៩។
ក្នុងខ្សែអាត់ជាសំឡេងនោះ សម្ដេចតេជោ យល់ថា ករណីឆ្លងដែលកើនឡើងនៅក្នុងខេត្តព្រះសីហនុ តម្រូវឲ្យមានវិធានការបន្ទាន់មួយ គឺត្រូវទប់ការបន្លាស់ទីរបស់ពលរដ្ឋចេញពីខេត្តព្រះសីហនុ បន្ថែមលើវិធានការចាក់វ៉ាក់សាំងដែលកំពុងបន្ត៕