រំភើបជំនួស !! ទោះអូនធ្វើតេស្តវិជ្ជមានកូវីដ-១៩ក៏បងសុខចិត្តរៀបការជាមួយអូនដែរ (មានវីដេអូ)

ឥណ្ឌា៖ ការកំណត់យកថ្ងៃណាមួយសម្រាប់រៀបចំកម្មពិធីមង្គលការគឺជារឿងសំខាន់បំផុតមួយសម្រាប់ពលរដ្ឋមួយចំនួនដែលមានជំនឿលើរឿងជោគជាតារាសីព្រោះពួកគេយល់ឃើញថា បើពួកគេបានរៀបការចំថ្ងៃលាភថ្ងៃហេងនោះជីវិតរបស់ប្តីប្រពន្ធក្រោយរៀបការរួចនឹងមានសំណាងល្អរកស៊ីមានបានពេញមួយជីវិតផងដែរ។ ដោយសារតែការឲ្យតម្លៃចំពោះថ្ងៃរៀបការស្របពេលដែលប្រជាពលរដ្ឋទាំងអស់នៅលើភពផែនដីនេះកំពុងតែភ័យខ្លាចនឹងជំងឺកូវីដ-១៩នោះ កម្មពិធីរៀបការមួយត្រូវបានគេប្រទះឃើញរៀបចំឡើងនៅក្នុងមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ខណៈកូនក្រមុំនិងកូនកំលោះសុទ្ធតែបានពាក់ឈុតសម្រាប់ការពារមេរោគ ជំនួសឲ្យឈុតសំលៀកបំពាក់ប្រពៃណីដែលកូនកំលោះកូនក្រមុំទូទៅធ្លាប់ប្រើប្រាស់នាពេលកន្លងមក។

បើយោងតាមសារព័ត៌មាន World of Buzz បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងមជ្ឈមណ្ឌលធ្វើចត្តាឡីស័កមួយកន្លែងនៅក្នុងរដ្ឋ Rajasthan ភាគខាងជើងនៃប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យទី ៦ ខែធ្នូកន្លងទៅថ្មីៗនេះ។ ប្រភពខាងលើបញ្ជាក់ថា ស្រ្តីជាកូនក្រមុំនិងម្តាយរបស់នាងត្រូវបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ នៅចំថ្ងៃរៀបការតែម្តង ដូចនេះហើយពួកគេពិបាកនឹងលុបកម្មពិធីនេះចោលណាស់។ បន្ទាប់ពីបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ភ្លាម ស្រ្តីជាកូនក្រមុំនិងម្តាយត្រូវបញ្ជូនទៅមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ភ្លាមដើម្បីការពារកុំឲ្យចម្លងទៅអ្នកផ្សេងទៀត ហើយពេលនោះខាងគ្រួសារខាងកូនកំលោះក៏សម្រេចសុំការអនុញ្ញាតពីអាជ្ញាធរចូលទៅរៀបចំកម្មពិធីមួយចំនួនទៀតដើម្បីឲ្យកម្មពិធីមង្គលការបញ្ចប់ទៅគ្រប់ជ្រុងជ្រោយតាមប្រពៃណី។ យ៉ាណាក្តី កម្មពិធីនោះគ្មានភ្ញៀវចូលរួមឡើយ និងត្រូវរៀបចំឡើងតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ៕

Related posts

Leave a Comment