ភ្នំពេញ៖ ព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាស បន្តរកឃើញអ្នកឆ្លងកូវីដ ១៩ ថ្មី ចំនួន ៣៩នាក់ បន្ថែមទៀត ដែលក្នុងនោះសុទ្ធសឹងតែជាអ្នកឆ្លងនៅក្នុងសហគមន៍ នៃព្រឹត្តិការណ៍ ២០ កុម្ភៈ ខណៈអ្នកជំងឺចំនួន១៩ នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
ក្រសួងសុខាភិបាល បានបញ្ជាក់ អ្នកឆ្លងទាំង៣៩នាក់ នេះ ជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្នុងនោះរួមមាន រាជធានីភ្នំពេញ ៣៣នាក់ និងខេត្តព្រះសីហនុ ចំនួន៣នាក់ និងខេត្តកណ្តាលម្នាក់។ ចំណែកករណីអ្នកជាសះស្បើយចំនួន ១៩នាក់ រួមមាន នៅខេត្តព្រះសីហនុ ៧នាក់ និងរាជធានីភ្នំពេញ ចំនួន ១២នាក់។
ក្នុងចំណោមអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៣៧នាក់ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ មានទារិកាអាយុ ៧ខែម្នាក់ ទារកអាយុ ១ខួបម្នាក់ និងកុមារ ៦នាក់ អាយុចាប់ពី ៧ឆ្នាំ ដល់ ១៤ឆ្នាំ។ ទារិកាអាយុ ៧ខែ និងកុមារី ១១ឆ្នាំ ត្រូវបានសង្ស័យថាឆ្លងជំងឺពី កក្កដា សោភ័ណ្ឌ ពេលទៅចូលរួមពិធីមង្គលការនៅខេត្តតាកែវ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។
ឪពុករបស់ទារិកាអាយុ ៧ខែ និងកុមារីអាយុ ១១ឆ្នាំ ត្រូវជាពូរបស់កូនក្រមុំដែល កក្កដា សោភ័ណ្ឌ បានចូលរួមនោះបានប្រាប់បណ្តាញព័ត៌មាន Fresh News តាមទូរស័ព្ទឲ្យដឹងថា នៅថ្ងៃរៀបចំពិធីមង្គលការនោះ កូនស្រីរបស់លោកអាយុ ១១ឆ្នាំ បានអង្គុយហូបបបរទល់មុខនឹង ជនកើតកូវីដ១៩ កក្កដា សោភ័ណ្ណ។
ឪពុកដែលមានអាសយដ្ឋាននៅខណ្ឌដង្កោ បានដាក់ការសង្ស័យថា កូនស្រីរបស់លោកឆ្លងពី កក្កដា សោភ័ណ្ឌ ហើយកូនស្រី អាចចម្លងទៅប្អូនស្រីរបស់គេ ដែលមានអាយុ ៧ខែ។ បើតាមលោកឪពុករូបនេះ បានបញ្ជាក់ថា ពេលនេះគ្រួសាររបស់លោកត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក។
រីឯភរិយាតែត្រូវបានយកទៅសណ្ឋាគារ Great Duck ដើម្បីមើលថែកូនតូចទាំងពីរ។ បុរសជាឪពុករូបនេះបានបញ្ជាក់ថា ភរិយារបស់លោកដែលទៅមើលកូននេះ មិនទាន់ដឹងថាវិជ្ជមានកូវីដ១៩ ឬអត់នោះទេ៕