គួររំលឹកឡើងវិញបន្តិច ផងដែរថា កាលពី ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គ្រប់គ្នា ភាគច្រើន ដែលប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ពិតជាបានជ្រាបហើយថា ម្តាយតារាចម្រៀង វី ឌីណែត បានទទួលមរណភាពហើយ ដោយសារ ជំងឺ COVID-19។
កាន់តែខ្លោចចិត្តបំផុតនោះ កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ វី លីដា ដែលត្រូវជា កូនស្រី របស់លោក ហួរ ឡាវី បានដង្ហែធាតុម្តាយ យកមកដល់ផ្ទះ ជូន ឪពុក ដល់ថ្នាក់ធ្វើឲ្យ លោក ហួរ ឡាវី ទប់ទឹកភ្នែកលែងជាប់ហើយ ព្រោះតែនឹកស្រណោះភរិយា ជាពន់ពេក រហូតយំឡើងហើមភ្នែក។
នៅមិនទាន់អស់ទេ ស្រាប់តែមកដល់ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១ នេះ វី ឌីណែត បានច្រៀងចម្រៀងមួយបទ យ៉ាងកម្សត់ ដើម្បីឧទ្ទិសកុសលបទនេះ ជូនអ្នកម្តាយ ដែលបានចាកឆ្ងាយ លែងត្រឡប់ ដោយជម្ងឺកូវីដ-19។
លោក ហេង ឡុង ដែលបានបង្ហោះបទចម្រៀងនេះ បានបញ្ជាក់បន្ថែមថា “កញ្ញា វី ឌីណែត សូមឧទ្ទិសកុសលបទនេះជូនអ្នកម្តាយដែលបានចាកឆ្ងាយលែងត្រឡប់ដោយជម្ងឺកូវីដ-19 និងសូមផ្ញើជូនសិល្បករសិល្បការិនី និងបងប្អូនដែលបានឆ្លងជំងឺកូវីដ-19 ទាំងអស់។
កញ្ញាបានប្រាប់ថា អ្នកម្ដាយរបស់គាត់ចូលចិត្តលំនាំបទនេះខ្លាំងណាស់
បទៈ លែងមានម៉ែហៅ
ផលិតដោយ៖ លោក ហេង ឡុង
និពន្ធទំនុកច្រៀង៖ ឯកឧត្តម ហ៊ឹម សុភា (នភា)
ច្រៀងដោយ៖ វីឌីណែត
លំនាំបទ(មរតកដើម)៖ខ្យល់កំពូលភ្នំ
បច្ចេកទេសសំលេង និង វិដេអូ៖ប៊ូ វណ្ណមុនីរ័ក្ស
Studio: Home of Music
សូមមេត្តាអនុវត្តន៍នូវវិធានសុខាភិបាល
៣កុំ ៣ការពារ”។
វី ឌីណែត បានស៊ែរវីដេអូនេះ ហើយបន្ថែមថា “កូនលែងមានម៉ែហៅហេីយ ម៉ែលែងបានស្ដាប់ចម្រៀងកំសត់ហេីយ”។
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមស្តាប់បទដ៏កម្សត់នេះ ទំាងអស់គ្នា ៖