ស្ពានកំពង់ក្តីមានទីតាំងតាមបណ្ដោយផ្លូវជាតិលេខ៦ (ចម្ងាយប្រមាណ ៦០គ.ម ពីក្រុងសៀមរាប) នៅខាងលិចឆៀងខាងជើងផ្សារកំពង់ក្តីប្រហែល៥០ម ក្នុងឃុំកំពង់ក្ដី ក្នុងស្រុកជីក្រែង ខេត្តសៀមរាប ។ បើតាមការបកស្រាយរបស់អ្នកស្រាវជ្រាវ ស្ពាននេះមានឈ្មោះ “ព្រះទិស”, “ប្រាប់ទិស”។
យ៉ាងណាមិញស្ពាននេះ ជាស្ពានបុរាណសម័យអង្គរ សង់ពីថ្មបាយក្រៀមនិងថ្មភក់ដែលមានបណ្ដោយ ៨៦ម៉ែត្រ ទទឹង ១៦ម៉ែត្រកម្ពស់ពីបាតស្ទឹង១០ម៉ែត្រនិងមានរន្ធត្រដេវ (ប្រឡោះសម្រាប់ចរន្តទឹកឆ្លងកាត់)ចំនួន២១។លើសពីនេះ តាមការវិភាគប្រវត្តិសិល្បៈលើបង្កាន់ដៃនាគនិងថ្មគោលគឺស្ថិតនៅក្នុង
រចនាបទបាយ័ន (១១៨១- ១២២០) ។ ស្ពាននេះមានសភាពទ្រុឌទ្រោមជាខ្លាំងដោយសារអាយុកាល ធម្មជាតិ និងមនុស្ស។
សព្វថ្ងៃស្ពាននេះត្រូវបានគេអភិរក្ស បន្ទាប់ពីមានការសាងសង់ស្ពានថ្មីសម្រាប់ប ញ្ចៀសការឆ្លងកា ត់ដោយទុកស្ពាននេះសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកម្សាន្ត និងសិក្សាស្រាវជ្រាវប៉ុណ្ណោះ។ រូបភាពស្ពានកំពង់ក្ដីនេះក៏ត្រូវបានប្រើប្រាស់នៅក្រដាសប្រាក់ ៥០០០រៀលរបស់ខ្មែរយើងផងដែរនាពេលបច្ចុប្បន្ន៕