ធ្ងន់ហើយ! Facebook ត្រូវរដ្ឋអាមេរិក ៤៨រដ្ឋប្ដឹង បើចាញ់នឹងត្រូវចៀរសាច់ចោលមួយកំណាត់ខ្លួនហើយ

បើតាមការចុះផ្សាយពីសំណាក់សារព័ត៌មាន CNBC កាលពីថ្ងៃ​៩ ខែធ្នូរឆ្នាំ២០២០ នេះបានឱ្យដឹងថា គណកម្មការពាណិជ្ជកម្មរដ្ឋសហព័ន្ធ FTC និងតំណាងរដ្ឋប្រមាណជា​៤៨រដ្ឋ បានដាក់ពាក្យប្ដឹងទៅហ្វេសប៊ុក ទៅលើសំណុំរឿងដ៏ក្ដៅគគុកមួយ។

ការប្ដឹងផ្ដល់នេះផ្ដោតសំខាន់ទៅលើការទិញយកក្រុមហ៊ុនយក្សពីរ Instagram និង WhatsApp ដែល Facebook បានទិញយកមកធ្វើជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនអស់ជាច្រើនឆ្នាំហើយនោះ។ ហើយចុះបើគ្រាន់តែទិញហេតុអ្វីត្រូវប្ដឹងគេ?

បើតាមការចុះផ្សាយពីសំណាក់សារព័ត៌មានដដែលបានបង្ហាញថា ចំណុចដែលគេប្ដឹងនោះត្រង់ថា Facebook ធំពេក ហើយការទិញយក Instagram និង WhatsApp ត្រូវបានគេសង្ស័យថាធ្វើឡើងដោយបង្ខិតបង្ខំ។

ចំណុចដែលក្ដៅនោះត្រង់ថា គេសង្ស័យថា Facebook អាចនឹងគម្រាម ឬនិយាយបង្ហើរដល់ Instagram ឬ WhatsApp មុននឹងទិញយកក្នុងចំណុចណាមួយថា នឹងបង្កើតផលិតផលស្រដៀងគ្នាដើម្បីមកផ្ដួលវិញ ប្រសិនបើមិនព្រមលក់ឱ្យខ្លួនជាដើម។

មែនទែនទៅ នៅសហរដ្ឋអាមេរិកមានចលនាចង់ឱ្យហ្វេសប៊ុកបំបែកខ្លួនយូរណាស់មកហើយ ដោយហេតុថាក្រុមហ៊ុនមួយនេះធំខ្លាំងហើយ នៅទិញបញ្ចូលផ្លេតហ្វមពីរផ្សេងទៀតដូចជា Instagram និង WhatsApp ដែលធ្វើឱ្យ ក្រុមហ៊ុនតូចលុយតិច គ្មានលទ្ធភាពនឹងប្រកួតក្នុងទីផ្សារជាមួយនោះទេ ដោយជាលទ្ធផលចុងក្រោយមានតែជម្រើសពីរ គឺស្លាប់ ឬលក់ខ្លួនឱ្យហ្វេសប៊ុកតែប៉ិនហ្នឹង។

យ៉ាងណាក៏ដោយនេះគ្រាន់តែជាការប្ដឹងប៉ុណ្ណោះ សម្រាប់លទ្ទផលសាលក្រមឬការកាត់ក្ដីនឹងប្រព្រឹត្តិទៅហើយសម្រេចបែបណាយើងនឹងជម្រាបជូននៅពេលក្រោយ៕

អត្ថបទដោយ៖ Sakada Techie

Related posts

Leave a Comment